ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គាំទ្របាល់ទាត់កម្ពុជា! រដ្ឋបាលរាជធានីភ្នំពេញ នឹ...

គាំទ្របាល់ទាត់កម្ពុជា! រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់បញ្ចាំងបន្តផ្ទាល់ការប្រកួត U22 កម្ពុជាប៉ះវៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games នៅសួនមុខវត្តបទុមវតី និងមុខណាហ្គា

ថ្ងៃចេញផ្សាយ: Saturday, December 07, 2019, 1:37 PM

 នៅម៉ោង៧៖០០នាទយប់ ថ្ងៃសៅរ៍ ១១កើត ខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារសម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីម៉ោង ៧៖០០យប់តទៅ។
ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រ វៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១។
គួរដឹងថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃនេះមាន២គូ ពោលគឺមុនឈានដល់ការប្រកួតរវាងកម្ពុជា និងវៀតណាម គឺក្រុម U22 មីយ៉ាន់ម៉ា ត្រូវជួបក្រុម U22 ឥណ្ឌូនេស៊ី ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ៕

FB_IMG_1575700075477

FB_IMG_1575700071935