ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញបានជួប​សម្ដែង​...

គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញបានជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវអភិបាល​ក្រុង​ប៉ារីស

ថ្ងៃចេញផ្សាយ: Tuesday, November 06, 2018, 2:57 PM

នារសៀល​ថ្ងៃ​ចន្ទ​ ១២រោច ខែអស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ បានអញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ អាន អុី​ដាល់ហ្គោ (Anne HIDALGO) អភិបាល​ក្រុង​ប៉ារីស និងជាប្រធានសមាគមអន្ដរជាតិអភិបាល​ក្រុងប្រើប្រាស់​ភាសា​បារាំង (AIMF)​។​
ជា​កិច្ច​ចាប់​ផ្ដើម​លោកជំទាវ អភិបាល​ក្រុង​ប៉ារីស បាន​ស្វាគមន៍​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ មក​សាធារណ​រដ្ឋ​បារាំង ដើម្បី​ចូលរួម​កិច្ច​ប្រជុំ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ របស់សមាគម AIMF លើកទី ៨៧ នៅ​ទីក្រុង​លីល ( Lille ) សាធារណ​រដ្ឋ​បារាំង។ លោកជំទាវ​ទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់រាជធានីភ្នំពេញក្នុងក្របខណ្ឌ AIMF ប្រចាំទ្វីបអាសុី និងបានគូសបញ្ជាក់ផងដែរថាទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ។ 
ជាការឆ្លើយតប ឯកឧត្ដម​អភិបាល​បាន​អរគុណលោកជំទាវអភិបាលក្រុងប៉ារីសដែលតែងតែបន្ត​គាំទ្រ​កិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងរាជធានីភ្នំពេញ-ទីក្រុងប៉ារីស និងបានសំណូមពរស្នើសុំឲ្យទីក្រុងប៉ារីសគាំទ្រ និងជួយដល់រាជធានីភ្នំពេញលេី៣ចំណុច​ ដូចខាងក្រោម​៖
១. បន្តជួយ​គាំទ្រ​រាជធានីភ្នំពេញ នៅ​ក្នុង​ក្របខណ្ឌ ការងាររបស់ AIMF និងស្នើលោកជំទាវគាំទ្រដល់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្ដរជាតិអភិបាល​ក្រុងប្រើប្រាស់​ភាសា​បារាំង (AIMF) លើកទី៣៩ នៅឆ្នាំ២០១៩​។​
២. ជួយដល់រាជធានីក្នុងការបញ្ជូនអ្នកជំនាញការមកផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស
៣. ​ជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍទីក្រុងឲ្យក្លាយជាទីក្រុង​បៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។ 
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានអញ្ជើញ​លោកជំទាវអភិបាលក្រុងប៉ារីស បំពេញទស្សនកិច្ច​ផ្លូវការនៅ​រាជធានីភ្នំពេញ ក្នុង​ពេល​វេលា​សមស្របណា​មួយនា​ពេលអនាគត ដើម្បី​បន្តរឹតចំណង​មិត្ត​ភាព​រវាង​ទីក្រុង​យើង​ទាំងពីរ​។​

តបនឹងសំណើរបស់ឯកឧត្តមអភិបាល លោកជំទាវអភិបាលក្រុងប៉ារីសបានគាំទ្រដល់រាជធានីភ្នំពេញធ្វេីជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIMF លើកទី៣៩ ដោយនឹងលើកយកបញ្ហានេះក្នុងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ដើម្បីសម្រេច។ ពាក់ព័ន្ធនឹងការរៀបចំទីក្រុង លោកជំទាវឯកភាពថានឹងរៀបចំក្រុមបច្ចេកទេស និងជំនាញការដេីម្បីធ្វេីការសិក្សាបច្ចេកទេសលេីការគ្រប់គ្រងចរាចរណ៍ និងលើការងារបរិស្ថាន ជាពិសេសលេីការគ្រប់គ្រងសំណល់សល់ពីការសាងសង់សំណង់ធំៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនៃទីក្រុងទាំងពីរ។ ជាចុងក្រោយ លោកជំទាវឯកភាពនឹងមកបំពេញទស្សនកិច្ច​ផ្លូវការនៅ​រាជធានីភ្នំពេញ ក្នុង​ពេល​វេលា​សមស្របណាមួយ ដើម្បី​បន្តរឹតចំណង​មិត្ត​ភាព​រវាង​ទីក្រុង​​ទាំងពីរ​។

45577855_1048462908667794_166893259367383040_n (1) 45501826_1048462905334461_2360279520667238400_n 45428173_1048462668667818_6180087725647986688_n 45507627_1048462568667828_2185814379985895424_n