ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ២ ត្រូវបាន...

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ២ ត្រូវបានប្រកាសចូល កាន់តំណែងជាផ្លូវការ

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:38 AM

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តីទី ២ ត្រូវបានប្រកាសចូលកាន់តំណែង ជាផ្លូវការ នាព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ។ សមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ភ្នំពេញ ដែលត្រូវប្រកាសចូលកាន់តំណែងនាពេលនេះមានចំនួន ២១ រូប ដោយមាន ឯកឧត្តម ម៉ប់ សារិន ដែលជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីអណត្តិទី១ ត្រូវបន្តដឹកនាំជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុង អាណត្តិទី២នេះទៀត ។ ក្នុងចំណោម សមាជិក សមាជិកាក្រុមប្រឹក្សាទាំង ២១ រូប មានមកពីគណបក្សប្រជាជន កម្ពុជាចំនួន ១៥ រូប និងមកពីគណបក្សសង្គ្រោះជាតិចំនួន ០៦ រូប ដូចក្នុងអាណត្តិទី ០១ ដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំនួនអសនៈក្រុមប្រឹក្សា រាជធានីមាន ២១ អសនៈ និងក្រុមប្រឹក្សាខណ្ឌសរុបទាំង ១២ ខណ្ឌ មាន ២១៦ អសនៈ ហើយអង្គបោះឆ្នោតដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ក្នុងមុខ តំណែងមាន ៨១០ នាក់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខណ្ឌអាណត្តិទី២ នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងទៅ ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួន ៥៧១ សម្លេង និង គណបក្សសង្គ្រោះជាតិទទួលបាន ២៣៧ សម្លេង ។ ចំណែកក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជន កម្ពុជាទទួលបាន ៥៧១ សម្លេង គណបក្សសង្គ្រោះជាតិទទួលបាន ២៣៦ សម្លេង ។ ឯកឧត្តមអភិបាល រាជធានីភ្នំពេញ បានបន្តថា ដើម្បីបន្តនិរន្តរភាពការងារក្នុងនាមជា រដ្ឋបាលនៅថ្នាក់ក្រោមជាតិសំរាប់អាណត្តិទី ២ របស់ គណៈអភិបាលរាជធានីភ្នំពេញ បានកំណត់នូវការងារជាអាទិភាពរបស់ខ្លួនតាមរូបមន្ត ៣២១ គឺ ផ្គុំ៣ ផ្តាច់២ និងផ្តើម១ ក្នុងគោលដៅអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាការពង្រឹងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល វេលា។

ថ្លែង ទៅកាន់អង្គពិធីនាឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងនាមជា សមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះជាមានសមាសភាពមកពី គណបក្ស នយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៏ច្បាប់ ក្រុមប្រឹក្សា គឺជា តំណាងឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ។ ហេតុនេះ ការអនុវត្តការងារ ត្រូវខិតខំបំរើផលប្រយោជន៏ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយ មិនប្រកាន់និន្នាការនយោបាយនោះឡើយ ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមប្រឹក្សា ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបន្តយកចិត្តទុកដាក់ទៅតាមសមត្ថកិច្ចរបស់ខ្លួន ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយត្រូវចេះស្វែងយល់ពីការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ និងត្រូវតែរត់ ឲ្យទាន់សភាពការណ៏ និងផ្លាស់ប្តូរផ្នត់គំនិតតាមតំរូវការរបស់ប្រជាពលរដ្ឋ៕