ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍សម្រាប់ក...

កិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦

ថ្ងៃចេញផ្សាយ: Wednesday, August 03, 2016, 9:21 PM

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាជ្ញាធរទាំង៨ខណ្ឌពាក់ព័ន្ធ និងមន្ទីរ-ជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ។ កិច្ចប្រជុំពិភាក្សានេះ ប្រារព្ធឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍គ្នាជុំវិញការប្រលងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅ ដើម្បីពង្រឹង និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលធ្លាប់កើតមាន ព្រមទាំងទប់ស្កាត់នូវបាតុភាពផ្សេងៗ ដែលបានបំផុសបំផុលទាក់ទងនឹងការរត់ការដើម្បីជាប់បាក់ឌុប ការបែកវិញ្ញាសា ការថតចម្លងវិញ្ញាសាតាមទីតាំងប្រលងនានា ការចេញវិញ្ញាសាធូរស្រាលព្រោះជិតបោះឆ្នោត និងការប្រលងមានតែមួយថ្ងៃជាដើម។

គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមានបេក្ខជនចំនួន ១៧.៦១៩នាក់ មណ្ឌលប្រលងចំនួន ២៣មណ្ឌល ស្ថិតក្នុងខណ្ឌចំនួន ០៨ខណ្ឌ រួមមាន ខណ្ឌដូនពេញ ចំការមន ទួលគោក ៧មករា សែនសុខ ច្បារអំពៅ ពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ។ គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារបានចុះត្រួតពិនិត្យតាមមណ្ឌលប្រលងទាំងការងារបរិស្ថាន ការងារបន្ទប់ទឹក ការងារអគ្គិសនី ការងារតុអង្គុយ ការងាររបងសាលា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងកងកម្លាំងតាមបណ្ដាខណ្ឌពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ មន្ទីរអប់រំត្រូវមើលឡើងវិញបន្ទប់ទឹកឱ្យបានស្អាតជាប្រចាំ មិនចាំបាច់តែពេលប្រលងឡើយ ការសម្អាតបរិស្ថានត្រូវសហការជាមួយស៊ិនទ្រី និងទប់ស្កាត់ការថតចម្លងវិញ្ញាសាជុំវិញមណ្ឌលប្រលង។

13876681_858081107661366_2903318575378674671_n 13882223_858080940994716_5436453032826422858_n