ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើអោយអ្នកវិនិយោគឡាវវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីអោយប្រទេសទាំងពីរមានការអភិវឌ្ឍរីកចំរើនដូចគ្នាខណៈដែលប្រទេសទាំងពីរមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា និងមានភូមិផងរបងជាមួយគ្នាផងដែរនោះ។
ឯកឧត្តម ឃួង ស្រេង បានស្នើបែបនេះខណៈជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិតស៊ីនឡាវង់បូតដៃធូ អភិបាលរដ្ឋធានីវៀងចន្ទន៍នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០២ធ្នូ២០១៩នេះ។
ឯកឧត្តមបណ្ឌិតស៊ីនឡាវង់បូតដៃធូ បានមានប្រសាសន៍លើកឡើងផងដែរថាការដែលឯកឧត្តមអញ្ជើញមករាជធានីភ្នំពេញនេះ គឺមានបំណងពីរទីមួយគឺចូលរួមក្នុងកិច្ចប្រជុំសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។ ទី២មានគោលបំណងមកជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីរិតចំណងមិត្តភាពសហប្រតិបត្តិការពិសេសការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕