ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សួនច្បារថ្មីមួយនឹងលេចចេញជារូបរាងឆាប់ៗ នៅតាមបណ្ត...

សួនច្បារថ្មីមួយនឹងលេចចេញជារូបរាងឆាប់ៗ នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

ថ្ងៃចេញផ្សាយ: Wednesday, April 01, 2020, 3:52 PM

img31032020a5 img31032020a1

 

 

 

 

 

 

             មិនយូរទេ សួនច្បារថ្មីមួយនឹងលេចចេញជារូបរាងនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ ដែលមានទីធ្លា សំរាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ។

             ដើម្បីជម្រុញការងារនេះអោយបានលឿននិងត្រូវតាមគម្រោងប្លង់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងសហការី កាលពីប៉ុន្មានថ្ងៃមុននេះបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩ (វិថីភ្នំពេញ-ហាណូយ) ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រៃឈើ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រ ទទឹង ១៦ម៉ែត្រ ដោយរៀបចំអោយមានជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានមកលំហែកំសាន្ត និងបានហាត់ប្រាណនៅទីនេះ ។

            លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់អោយដឹងហើយថា សួនច្បារថ្មីនេះបានចាប់ផ្ដើមអនុវត្តការដ្ឋានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០២០ ហើយជាគំរោងសួនច្បារនេះគ្រោងនឹងស្ថាបនាអោយបានរួចរាល់ក្នុងរយៈពេល៤ទៅ៥ខែទៀត។

            លោកសំ សាមុត បានបញ្ជាក់អោយដឹងទៀតថាការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។

            រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង នៅខណ្ឌសែនសុខនេះ ពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយពិនិត្យឃើញថាទីតាំងខាងលើអាចស្ថាបនាសួនច្បារសាធារណៈបាន ទើបអភិបាលនៃគណៈអភិបាលភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយសម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ព្រោះថាការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ៕

img31032020a4 img31032020a3