ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទប...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់គណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះវិធានការរដ្ឋបាល នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ដោយមិនលើកលែងជាដាច់ខាត

ថ្ងៃចេញផ្សាយ: Thursday, July 29, 2021, 6:12 PM

img297211 img2972111

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត​ចំពោះសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់​រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយចំពោះអ្នកដែលល្មើសនឹងសេចក្តីសំរេចនេះ។

            ការដាក់ចេញជាបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពទាំង១៤អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video conference ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

            ក្នុងនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត។ ឯកឧត្តមបញ្ជាក់ទៀតថា៖រាជធានីភ្នំពេញបានកើនឡើងនូវអ្នកជំងឺកូវីដ-១៩មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយ  បន្តិច។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង។ ដូច្នេះដើម្បីកាត់ផ្ដាច់ឬសគល់នៃការរីករាលដាលជំងឺ   កូវីដ-១៩នេះ ឯកឧត្តមស្នើឲ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះអោយបានតឹងរឹងបំផុត។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត និង​ផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

            ឯកឧត្តមបានបញ្ជាក់ផងដែលថា ៖ ការអនុវត្តលើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់ និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ៖ ចំពោះភោជនីយដ្ឋាន ការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់អោយភ្ញៀវអង្គុយហូបចុកក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារបានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ។ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។

            ឯកឧត្តម ឃួង ស្រេង បានជម្រុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិតភ្ជាប់ពីបណ្ដាខេត្តទាំង៨ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅត្រួតពិនិត្យអោយបានម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវីរុសប្រភេទថ្មីដែលតា ដែលបាននឹងកំពុងរីករាលដាលចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង បើទោះបីមិនទាន់ចូលក្នុុងសហគមន៍ក៏ដោយ។

            គួរបញ្ជាក់ថា ៖ រាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះ ម៉ោង ៩យប់ ដល់ ម៉ោង ៣ភ្លឺ ដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១៕

img2972115 img297213 img2972110 img2972114 img2972113 img297219 img297216 img297217 img297218 img297212 img297214 img297215