ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គម្រោងរៀបចំបង្កើតផ្លូវថ្មើរជើងថ្មី នៅរាជធានីភ្ន...

គម្រោងរៀបចំបង្កើតផ្លូវថ្មើរជើងថ្មី នៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, January 31, 2020, 1:52 PM

img29012004 img29012007

 

 

 

 

 

                   នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងរៀបចំផ្លូវថ្មើរជើង នៅតាមបណ្តោយទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ និងគម្រោងស្ថាបនាផ្លូវតភ្ជាប់ ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ។

ក្រុមការងារពិសេសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងនិងកំណត់ទីតំាងមួយចំនួន ដើម្បីឆ្ពោះបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៩ខែមករានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើងប្រកបដោយភាពទាក់ទាញ់។ លោកបានបញ្ជាក់ថា គម្រោងកែលម្អទំាងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ធ្នាប់ ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងរាជធានីភ្នំពេញ បានកាន់តែច្រើន។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះ ភ្ញៀវទេសចរអាចមានជម្រើសដើរលេងកម្សាន្តច្រើន ដូចជានៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណីយ៍ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្ត សប្បាយប្រកបដោយភាពរីករាយ។ ឯកឧត្តមអភិបាលបានណែនាំដល់ក្រុមការងារឲ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្ត ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ អាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្ត    ជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។

 

img290120012 img29012008 img29012001 img29012006 img29012005 img29012003