ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាការពារទាំង១៤ខណ្ឌ បានដើរតួនាទីយ៉ាងសំខាន់ ក្...

ប្រជាការពារទាំង១៤ខណ្ឌ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ថ្ងៃចេញផ្សាយ: Sunday, June 28, 2020, 7:46 AM

img2706202014 img2706202013

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមាននគរបាល និងកងរាជអាវុធហត្ថ។ ពួកគាត់គឺជាកម្លាំងស្នូលដែលពីដើមឡើយពោលគឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិ គឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាបុគ្គលិកជាប់កិច្ចសន្យាដែលមានប្រាក់បៀវត្សចំនួន៦៥ម៉ឺនរៀល។

            ការលើកឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងពីធីប្រគល់អំណោយជូនបងប្អូនប្រជាការពារទាំង១៤ខណ្ឌ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី  ឯកឧត្តម ស សុខា និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការផ្ដល់នូវអំណោយជូនចំពោះបងប្អូនប្រជាការពាររបស់យើងនាពេលនេះ គឺជាការគិតគូរ ពីជីវភាពរស់នៅរបស់បងប្អូនពីសំណាក់រាជរដ្ឋាភិបាល។

            ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យបងប្អូនប្រជាការពារបន្តការផ្សព្វផ្សាយពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

            ឯកឧត្តមហ៊ុ ន ម៉ានី ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់ជំងឺកូវីដ-១៩ វាគឺជារឿងរបស់យើងទាំងអស់គ្នា។ ឯកឧត្តមបន្តថា ការទប់ស្កាត់បាននូវជំងឺកូវីដ-១៩ ដោយមិនបានធ្វើឲ្យមានមនុស្សស្លាប់នៅ កម្ពុជា គឺជាការបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ខណៈដែលប្រទេសមួយចំនួនអនុវត្តមិនទាន់បានល្អប្រសើរដូចប្រទេសយើង។ ប៉ុន្តែទោះបីយ៉ាងណាក្តីយើងមិនអាចមើលស្រាលនោះទេ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តលើកកិច្ចការពារការឆ្លងនៃជំងឺនេះ។

            ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសនោះ បានថ្លែងការអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាការពារដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនថា ក្តៅ ឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើងបងប្អូនប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់នៅព្រឹត្តិការណ៍ទាំងនោះ។ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ បងប្អូនប្រជាការពារបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋរហូតដល់ ត្រូវក្រុមអគតិមួយចំនួនប្រើអំពើហិង្សាវាយបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល ជាច្រើននាក់ទៀតផង។ នេះជារឿងមួយដែលតម្រូវឲ្យបងប្អូនប្រជាការពារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការងាររបស់ខ្លួន។

            គួរបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនបងប្អូនប្រជាការពារនាពេលនេះ ក្នុងម្នាក់ៗទទួលបានអង្ករ១បាវស្មើនឹង១០គីឡូក្រាម អាកុល៣ដបតូចចំណុះ១០០មីលីលីត្រ ម៉ាសចំនួន២០ម៉ាក សាប៊ូដុំចំនួន៣ដុំ ត្រីខចំនួន២កំប៉ុង ភេសជ្ជៈផ្អែមចំនួន១២កំប៉ុង ថង់បរិស្ថានសម្រាប់វេចខ្ចប់១ ភេសជ្ជៈបាកាសចំនួន៣កំប៉ុង ទឹកបរិសុទ្ធចំនួន៧ដប និងថវិកាចំនួន ៥ម៉ឺនរៀល៕

img2706202008 img2706202005 img2706202011 img2706202010 img2706202012 img2706202009 img2706202007 img2706202004 img2706202003 img2706202002 img2706202006 img2706202001