ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សប្បុរសជន និងក្រុមហ៊ុន បន្តផ្តល់ម៉ាស់ជូនរដ្ឋបាល...

សប្បុរសជន និងក្រុមហ៊ុន បន្តផ្តល់ម៉ាស់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Monday, March 22, 2021, 3:09 PM

img220321006 img220321001

 

 

 

 

 

          ម៉ាសចំនួន៣០ម៉ឺនម៉ាស់ ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន ចំនួន ១៥ម៉ឺនម៉ាស់ និងក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចំនួន ១៥ម៉ឺនម៉ាស់ បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម កើត ឆែ បានថ្លែងថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ ពិតជាត្រូវការម៉ាស់ជាច្រើន ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបានម៉ាស់ចំនួន ៣០ម៉ឺនម៉ាស់នេះ ពិតជាអាចកាត់បន្ថយបាននូវការខ្វះខាតមួយចំនួនផងដែរ។

ឯកឧត្តម កើត ឆែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៣នាក់ទៀត និងជាសះស្បើយ១៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៧១នាក់ រួមមាន ភ្នំពេញចំនួន ២៨នាក់ ខេត្តព្រះសីហនុ ៣២នាក់ កំពង់ធំ៥នាក់ កណ្ដាល៣នាក់ សៀមរាប១នាក់ ព្រៃវែង១នាក់ និងខេត្តកែប ចំនួន១នាក់ អ្នកដំណើរពីបរទេស០២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន ១.៧៥៣នាក់ អ្នកជាសះស្បើយចំនួន៩៦៧នាក់ អ្នកកំពុងព្យាបាលចំនួន ៧៨១នាក់ និងមានអ្នកស្លាប់ចំនួន ០៤នាក់៕

img220321003 img220321002 img220321007 img220321005