ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យ មានកម្មករ ...

រដ្ឋបាលលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យ មានកម្មករ កម្មការិនីស្នាក់នៅក្នុងសំណង់អគារ ដែលបាននឹងកំពុងសាងសង់

ថ្ងៃចេញផ្សាយ: Wednesday, January 22, 2020, 5:09 PM

img220120201 img220120204

 

 

 

 

 

             អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានាអោយបានម៉ត់ចត់  ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មការិនី ស្នាក់នៅក្នុងសំណង់អាគារដែលបាននឹងកំពុងសាងសង់ជាដាច់ខាត។ 

ការដាក់បទបញ្ជាបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុតទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។ 

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋានសំណង់ ធ្វើឡើងដើម្បីរក្សាសុវត្ថិភាពជូនកម្មករ ខណៈដែរកន្លងមកនេះ នៅខេត្តព្រះសីហនុ ក៏ដូចជាខេត្តកែប មានបញ្ហាបាក់ស្រុតអាគារកើតឡើង ដោយបានធ្វើឲ្យកម្មករស្លាប់និងរងរបួស។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលយើងត្រូវតែមានការបង្ការទប់ស្កាត់អោយបានជាមុន។   

ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ រាជធានី ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មានច្បាប់ទេ  ស្របតាមស្តង់ដារបច្ចេកទេសទេ។ បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបន្ទុច បង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចៀសវាង កុំអោយហេតុការមិនល្អកើតឡើង។ 

ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញរបស់យើង ពិតជាមាន អាគារចាស់ៗ ទ្រុឌទ្រោមច្រើន ដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះគឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀសវាងមានបញ្ហាកើតឡើង យើងមិនបានដឹង។ 

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងរុយោដី រាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅលើបច្ចេកទេសនិងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំងនោះរហូត ពោលគឺ បើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅម្ចាស់សំណង់មកប្រជុំដោះស្រាយ។ សំណង់មួយបើមិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុងនាមអាជ្ញាធរនិងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះតែម្ដង៕

img220120202 img220120203