ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខ...

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌឆ្នាំនេះ

ថ្ងៃចេញផ្សាយ: Monday, September 20, 2021, 6:07 PM

img2009212 img20092110

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និង សម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌ ឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបីមានបទពិសោធន៍នាពេលកន្លងមកហើយក្តី។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំអោយប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការអាចារ្យវត្តទាំង១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនឱ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌ ដែលនឹង​ឈានចូលមកដល់ ប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនិមួយៗនៅតាមក្លោងទ្វារវត្តត្រូវបាញ់អាកុលនិងវាស់កំដៅ។

            ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើអោយយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបានបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកឱ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះ យើងបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញថែមទៀត។ នេះជា លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែឯកឧត្តមអភិបាលក៏បានណែនាំស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង់ពីអំពើចោរកម្ម៕

img2009214 img2009213 img2009219 img2009211 img2009215 img2009218 img2009217 img2009216 img20092112 img20092111