ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញសម្រេចបង្កើតរង្វង់មូលនៅកន្...

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបង្កើតរង្វង់មូលនៅកន្លែងតំបន់ក្តាន់២ ជាមួយនិងការពង្រីកទទឹងផ្លូវ៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ី

ថ្ងៃចេញផ្សាយ: Friday, December 20, 2019, 1:35 PM

img19121909 img19121908

 

 

 

 

 

                   រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចក្នុងការបង្កើតអោយមានរង្វង់មូលមួយកន្លែងនៅតំបន់ក្តាន់២ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងពង្រីកទទឹងផ្លូវ ប្រវែង៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ីបន្ថែមទៀត ចាប់ពីមុខទីស្តីការគណៈរដ្ឋមន្រ្តី រហូតដល់ស្ពានអាកាសតិចណូផងដែរ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះឲ្យកាន់តែប្រសើរឡើង ខណៈដែរតំបន់នេះក្រោយពីបង្កើតអោយមានផ្លូវឆ្លងកាត់ចេញពីតំបន់បឹងកក់ បង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។

ការសម្រេចបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំមូយក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលធានីភ្នំពេញ ជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា គម្រោងកែសម្រួលលំហូរចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះកំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា បានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿង បានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ី ត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាដំណោះស្រាយចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែ លម្អចរាចរណ៍នៅតំបន់នេះ ដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយតិច ហើយស្ថាបនាលឿនរហ័ស ដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីឡើយ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះមានការកកស្ទះជាប្រចាំផងដែរ ដោយឯកឧត្តមបញ្ជាក់ថា៖ការធ្វើចរាចរណ៍ចេញពីតំបន់បឹងកក់មកផ្លូវសហព័ន្ធរ៉ុស្ស៊ីច្រើនដោយសារការបិទផ្លូវរណបម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរ ធ្វើឲ្យលំហូរចរាចរណ៍ណែនណាន់តាន់តាប់ ស្ទះខ្លាំង រហូតហៀទៅដល់មុខ      គណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធចរាចរណ៍ឡើងវិញនៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ៕

img19121905 img19121907 img19121906 img19121902 img19121904 img19121901