ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានី នឹងទប់ទំនប់ជុំវិញបុរីត្រពាំងថ្លឹ...

រដ្ឋបាលរាជធានី នឹងទប់ទំនប់ជុំវិញបុរីត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅ៣ ហើយប្រើម៉ាស៊ីនបូមទឹកចេញឲ្យអស់ រួចបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិត

ថ្ងៃចេញផ្សាយ: Tuesday, October 20, 2020, 12:30 PM

img19102018 img19102005

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹង១ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តមបានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីឲ្យអស់ ខណៈដែលបុរីនេះកំពុងតែទទួលរងការលិចលង់នៅឡើយ។

ក្រោយពីបូមទឹកស្រកអស់ហើយ ឯកឧត្តមនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិតនៅក្នុងបុរីនេះផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលឯកឧត្តមដឹកនាំអាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹង១ ដើម្បីរកគ្រប់មធ្យោបាយកុំអោយមានការលិចលង់ទៀត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មិនមែនមិនខ្វាយខ្វល់ មិនជួយបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌពោធិសែនជ័យនោះទេ។ ដោយសារតែក្នុងរយៈប្រមាណជាងមួយសប្តាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធ បានប្រើកម្លាំងសរុបទាំងអស់ ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត ដោយនៅទីនោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាពលរដ្ឋ ដែលលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌពោធិសែនជ័យនេះ។

ឯកឧត្តមបញ្ជាក់ថា គ្រាន់តែនៅក្នុងសង្កាត់ចំនួន១២ ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន៩ទៅហើយ ដែលទទួលរងនូវការលិចលង់ ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ។

ឯកឧត្តមបន្តថា ខណៈដែលទឹកស្ទឹងព្រែកត្នោត កំពុងតែគំរាមកំហែងនៅសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោនេះ គឺអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងទាហានបានប្រើគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីទប់ទឹក តែមិនអាចទៅរួច ទើបយើងដកថយ យកកម្លាំងមកជម្លៀសប្រជាពលរដ្ឋដែលលិចលង់មកកាន់ទីទួលសុវត្ថិភាព ហើយកិច្ចការនេះ យើងទទួលបានជោគជ័យហើយ។ ក្រោយពីស្ថានភាពនៅក្នុងខណ្ឌដង្កោ បានធូរស្រាលហើយនោះ ទើបឯកឧត្តមមានឱកាសងាកមកជួយ បងប្អូនប្រជាពលរដ្ឋដែលលិចលង់លំនៅដ្ឋាន ដោយជំនន់ទឹកភ្លៀងនៅខណ្ឌពោធិសែនជ័យ នាពេលនេះ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះកិច្ចការងារចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ធ្វើការសិក្សាឲ្យបានច្បាស់លាស់ ក្នុងភូមិសាស្ត្រនេះ ពោលគឺត្រូវដាក់លូរបៀបណា ទប់ទំនប់របៀបណា ដើម្បីរំដោះទឹកចេញ។

ក្រោយពីការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធ ឃើញថាទឹកតំបន់នេះបានស្រកប្រមាណជា៣តឹកហើយ ប៉ុន្តែប្រជាពលរដ្ឋមិនអាចរស់នៅកើតទេ ដោយសារតែទឹកនេះ វាមានក្លិនស្អុយទៅហើយ ដែលដាច់ខាតយើងត្រូវតែទប់ និងបូមទឹកសំអុយនេះចេញអោយអស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរំលោភប្រឡាយបង្ហូរទឹក ការរំលោភប្រឡាយនេះហើយធ្វើឲ្យស្ទះចរន្តទឹកហូរ ទើបបណ្តាលអោយលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ។ សម្រាប់ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងការពារប្រឡាយអោយបានគង់វង់ ជាមួយនឹងការស្ដារប្រឡាយជាប្រចាំ ជៀសវាងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត៕

img19102008 img19102010 img19102009 img19102011 img19102007 img19102012 img19102022 img19102013 img19102021 img19102019 img19102004 img19102014 img19102001 img19102003 img19102017 img19102013