ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានី ចុះពិនិត្យមើល​ការស្តារ​ប្រ...

ឯកឧត្តមអភិបាលរាជធានី ចុះពិនិត្យមើល​ការស្តារ​ប្រឡាយមេ​រំដោះ​ទឹក ក្នុងខណ្ឌ៤​នៅ​ជាយក្រុង ដើម្បីរំដោះទឹកនៅរដូវវស្សា

ថ្ងៃចេញផ្សាយ: Thursday, February 18, 2021, 4:52 PM

img180221011 img180221012

 

 

 

 

             ដើម្បីជម្រុញអោយការងារស្តារ ប្រឡាយទួលពង្រទំហំ៨ម៉ែត្រ ទទួលបានជោគជ័យ និងទាន់ពេលវេលាមុនរដូវវស្សាមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពិសេសអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ស្ថានីយលូប្រាំ សំដៅធ្វើយ៉ាងណាបើកផ្លូវទឹកអោយហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤នៅជាយក្រុង។

            ចំពោះសកម្មភាពដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យនេះ មានដូចជាសកម្មភាពកាយបើកមុខទឹកប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ការពិនិត្យសកម្មភាពការស្ដារប្រឡាយភូមិម័រ ខណ្ឌដង្កោ និងការពិនិត្យការកាយប្រឡាយ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនិងការពិនិត្យមើលស្ថានីយបូមទឹកលូ៥ជាដើម ដើម្បីជំរុញការងារស្ដារប្រឡាយនេះឲ្យលឿនទាន់ពេលវេលា មុនរដូវវស្សាមកដល់។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រឡាយទាំងប៉ុន្មានខាងលើនេះ ជាប្រឡាយមេ ដែលមានសារៈសំខាន់បំផុតក្នុងការរំដោះទឹកពីផ្លូវជាតិលេខ៤ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ។

            ឯកឧត្តមបន្តទៀតថា ការស្ដារប្រឡាយខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះ ជូនមក  អោយរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ឯកឧត្តមពិតជាអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រ និងមានបណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះអោយបានធំរហូតដល់៨ម៉ែត្រទៅតាមគម្រោង។

            ឯកឧត្តម ឃួង ស្រេង ក៏បានអំពីនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្ដារប្រឡាយទាំងនេះឱ្យបានលឿននិងធំទូលាយ។

            ឯកឧត្តមបានបញ្ជាក់ផងដែរថា ចំពោះប្រឡាយដែលមានស្រាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ ដោយសាងសង់ផ្ទះនៅលើតួប្រឡាយតែម្តង។ បញ្ហានេះឯកឧត្តមសំណូមពរឲ្យបងប្អូនប្រជាពរដ្ឋរុះរើសំណង់នោះចេញពីតួប្រឡាយ ដើម្បីឲ្យក្រុមការងារមានលទ្ធភាព ស្ដារប្រឡាយរំដោះទឹកនេះអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។

img180221003 img180221002 img180221009 img180221008 img180221010 img180221001 img180221007 img180221006 img180221005 img180221004