ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង បង្ហាញពីភាពរីកចម្រើន និងសមិទ្...

ឯកឧត្តម ឃួង ស្រេង បង្ហាញពីភាពរីកចម្រើន និងសមិទ្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ថ្ងៃចេញផ្សាយ: Tuesday, June 16, 2020, 3:05 PM

img1606202001 img1606202009

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញនូវអ្វីដែលភាពរីកចម្រើន និងសមិទ្ធផលរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ឆ្នាំ២០១៩កន្លងទៅ គឺជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ ថ្មីៗជាច្រើនជូនជាតិមាតុភូមិ ទោះបីស្ថានភាពសេដ្ឋកិច្ច-សង្គម បានទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លះៗ ពីសភាពការណ៍សកល និងក្នុងតំបន់ដែលមានការវិវឌ្ឍកាន់តែស្មុគស្មាញ ដោយសារការប្រកួតប្រជែងដណ្ដើមប្រៀបលើភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា, បញ្ហាគ្រឿងញៀន និងការផ្ទុះឡើងនូវវីរុស COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០១៩ យ៉ាងណាក្ដី។

បើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង សេ្រង ក្រោមដំបូល នៃសន្តិភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាបណ្ដើរៗ ហើយគម្រោងអភិវឌ្ឍន៍ជាច្រើន ទាំងផ្នែករដ្ឋ និងផ្នែកឯកជន បាននឹងកំពុងដំណើរការយ៉ាងសស្រាក់សស្រាំនៅរាជធានីភ្នំពេញ ក្នុងនោះ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់ ដែលយើងសម្រេចបាន រួមមាន៖

*មហាវិថី, វិថី និងផ្លូវថ្នល់ ដែលបានស្ថាបនាថ្មី និងពង្រីកបន្ថែមមានចំនួន ៣៨ខ្សែ មានប្រវែងសរុបប្រមាណ ៥៨០គីឡូម៉ែត្រ លើប្រវែងផ្លូវសរុប ១.៨៨៣គីឡូម៉ែត្រ

*ស្ពានអាកាសមានចំនួន ៦កន្លែង, ផ្លូវក្រោមដី ២កន្លែង ស្ពានបេតុងស្ថាបនាថ្មីចំនួន ១៣កន្លែង និងផ្លូវអាកាសថ្មើរជើង ៥កន្លែង ហើយយើងក៏កំពុងបន្តសាងសង់ ស្ពានអាកាសថ្មើរជើងនេះ ចំនួន២៧កន្លែងបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយហានិភ័យ នៃការដើរឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយ ការកកស្ទះចរាចរណ៍ផងដែរ

*ស្ថានីយ៍បូមទឹកស្ថាបនាថ្មីមានចំនួន ៨កន្លែង, ប្រឡាយបេតុង ៨ខ្សែ, បណ្ដាញលូប្រវែង ៩០០គីឡូម៉ែត្រ និងអណ្ដូងលូគ្រប់ប្រភេទសរុបចំនួន ៥៤.៧៥៦អណ្ដូងលូ

*សួនច្បារសាងសង់ថ្មី និងកែលម្អសោភ័ណភាពឡើងវិញ មានចំនួន១១៣កន្លែង

*សំណង់បុរី និងបណ្ដុំផ្ទះល្វែង មានចំនួន ២៤៤កន្លែង និងអគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.២៩២អគារ

*រោងចក្រវិនិយោគមានចំនួន ៧៥៥រោងចក្រ និងឧស្សាហកម្មធុនតូច-មធ្យម និងសិប្បកម្ម មានចំនួន ៤.៥៥៥មូលដ្ឋាន ដែលកំពុងផ្ដល់ការងារដោយផ្ទាល់ ជូនកម្មករ-និយោជិតប្រមាណ៥២ម៉ឺននាក់ និងផ្ដល់ការងារដោយប្រយោលប្រហែល ១លាននាក់ផ្សេងទៀត។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដោយរក្សាបាន សន្ដិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៨៣៨/១.០៤៦លើក ថយចុះ ២០៨លើក ស្មើនឹង ២០ភាគ។

ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងស្ដារឡើងវិញប្រឡាយមេនាំទឹកស្ទឹងមានជ័យ និងគោលការណ៍ប្រទានកម្មរបស់ សម្ដេចតេជោ ហ៊ុន សែន សម្រាប់ដោះស្រាយបញ្ហាសំណង់មិនរៀបរយលើផ្ទៃប្រឡាយ និងអភិវឌ្ឍលំនៅឋាន នៅនឹងកន្លែងជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ស្ទឹងមានជ័យ។

ត្រង់ចំណុចនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយប្រទានកម្មរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួនសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញបានថយចុះពី ៣៣៥សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១សហគមន៍ ក្នុងឆ្នាំ២០២០ ដែលមានមូលដ្ឋានក្នុងសង្កាត់ចំនួន៤៥ នៃខណ្ឌចំនួន ១៣ (លើកលែងខណ្ឌ៧មករា ដែលសហគមន៍បុរីកីឡា ត្រូវបានលុបចេញពីបញ្ជីសហគមន៍ក្រីក្រ ក្នុងឆ្នាំ២០១៤) សរុបមានខ្នងផ្ទះចំនួន ១២.៨៧៦ ខ្នង ស្មើនឹង១៣.៩៦៣គ្រួសារ និងមានប្រជាពលរដ្ឋសរុប ៦១.៧១៥នាក់ តែប៉ុណ្ណោះ។

ជារួមមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន ២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិចតា ដោយបានប្រគល់ដីធ្លីជូនប្រជាពលរដ្ឋប្រមាណ ១៨.០០០គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងសំណុំរឿង ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈានទៅបន្តដោះស្រាយបញ្ចប់បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ, តំបន់អភិវឌ្ឍន៍បឹងទំពន់-ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានីយ៍បូមទឹកទួលគោក, តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានពង្រឹងសមត្ថភាពផ្ដល់សេវារបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយបានរៀបចំកែសម្រួលខ្សែរត់ពី ០៣ ខ្សែ រហូតដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ២៣៥គ្រឿង ហើយជាបណ្ដើរៗ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានការគាំទ្រ និងនិយមប្រើប្រាស់សេវានេះ ក្នុងនោះ ជាមធ្យមមានប្រជាពលរដ្ឋ ៣ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុង ជារៀងរាល់ថ្ងៃ ប៉ុន្តែសេវានេះបានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន កាលពីចុងខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ-១៩៕

img1606202002 img1606202008 img1606202004 img1606202003 img1606202007 img1606202010 img1606202005 img1606202011