ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីណែនាំ អោយអាជ្ញាធរ ខណ្ឌទាំង១៤បន្តកា...

អភិបាលរាជធានីណែនាំ អោយអាជ្ញាធរ ខណ្ឌទាំង១៤បន្តការផ្សព្វផ្សាយ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ បើទោះបីនៅកម្ពុជាមកដល់ពេលនេះ មិនមានការរីករាលដាលបន្តទៀតក៏ដោយ

ថ្ងៃចេញផ្សាយ: Thursday, May 14, 2020, 3:34 PM

img130520008 img130520001

 

 

 

 

          អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែបន្តការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩អោយបានខ្លាំងក្លាបន្តទៀត បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ មិនមានការរីករាលដាលនៃការឆ្លងបន្តពីជំងឺនេះ ហើយអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ទាំងជាង១០០នាក់ ក៏បានជាសះស្បើយ នៅសល់តែម្នាក់ក៏ដោយ។

            ការងារណែនាំបែបនេះរបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែ  ឧសភា ឆ្នាំ២០២០ ក្នុងឪកាសដែល ឯកឧត្តមអភិបាល ទទួលសម្ភារៈការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពី អង្គការការីតាសកម្ពុជា នៅសាលារាជធានីភ្នំពេញ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល  ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ជំងឺ    កូវីដ-១៩ កន្លងមកនេះ។

            ឯកឧត្តមបន្តថា មកដល់ពេលនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អ្នកដែលឆ្លងនូវជំងឺកូវីដ-១៩បានជាសះស្បើយអស់ហើយ គឺនៅសល់តែម្នាក់គត់ ហើយក៏គ្មាននរណាម្នាក់បានស្លាប់ដោយជំងឺ កូវីដ-១៩នេះដែរ។ ក្នុងស្ថានភាពបែបនេះឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់ដូចជាបាត់បង់នូវភាពភ័យខ្លាចចំពោះការឆ្លងរាលដាលនៃជម្ងឺ កូវីដ-១៩ នេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធរ យើងនៅតែបន្តការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុតជុំវិញការបង្ការទប់ស្កាត់នូវជំងឺ កូវីដ-១៩នេះ។ ដូច្នេះទេក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែបន្តការផ្សព្វផ្សាយអំពីការទប់ស្កាតការបង្ការនៃជំងឺកូវីដ-១៩ ទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមទីផ្សារទាំងរដ្ឋ និងឯកជន ដើម្បីបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បើទោះបីនៅពេលនេះយើងឃើញថា ជម្ងឺកូវីដ-១៩នេះមិនមានការរីករាលដាលបន្តទៀតក៏ដោយ។

            សូមបញ្ជាក់ថាសំរាប់ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ អង្គការការីតាសកម្ពុជាបានផ្ដល់នូវសម្ភារៈមួយចំនួនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការការពារ និងប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាល ជម្ងឺកូវីដ-១៩ ដែលក្នុងនោះសម្ភារៈត្រូវទទួលរួមមាន ៖ សាប៊ូចំនួន៧០០០ដុំ ម៉ាស់ចំនួន ៧០០ប្រអប់ អាកុលចំនួន១៤០០លីត្រ ប័ណ្ណផ្សព្វផ្សាយចំនួន៥៦០០សន្លឹក ដើម្បីចែកជូនបន្តទៅរដ្ឋបាលខណ្ឌទាំង១៤ ដែលក្នុង  មួយខណ្ឌៗទទួលបានសាប៊ូចំនួន ៥០០ដុំ ម៉ាកចំនួន៥០ប្រអប់ អាកុលចំនួន១០០លីត្រ និងប័ណ្ណផ្សព្វផ្សាយចំនួន៤០០សន្លឹក៕

img130520007 img130520006 img130520004 img130520003