ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីនឹងប្រើប្រាស់រថយន្ត ដឹកទឹកចែកចាយជ...

រដ្ឋបាលរាជធានីនឹងប្រើប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ខណ:មានការង្វះទឹក នារដូវប្រាំង

ថ្ងៃចេញផ្សាយ: Saturday, March 14, 2020, 7:06 AM

img13032011 img13032006

 

 

 

 

 

                ស្របពេលដែលនៅតាមបណ្តាលខណ្ឌមួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់​រថយន្ត​ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈដែលសកម្មភាពនេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ​។

                   ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជុំនាញពាក់ពន្ធ័នឹងបញ្ហាកង្វះទឹក២០១៩-២០២០ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្តដឹកទឹកដេីម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បេីនៅតែមិនគ្រប់នឹងប្រេីរថយន្តអគ្គីភ័យដេីម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យរដ្ឋបាលខណ្ឌទាំង១៤ ពិសេសខណ្ឌនៅតាមជាយក្រុង ត្រូវតែផ្ដល់ព័ត៌មានឲ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតយើងត្រូវរួមគ្នាដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងជំរុញឲ្យការថែរក្សាស្រះទឹកក្នុងភូមិដើម្បីដោះស្រាយទឹកមួយចំណែកលើការលាង ការស្រោច និងការបោកគក់ជាដើម។

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានអោយដឹងថា តម្រូវការប្រើទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការប្រើប្រាស់ច្រើន និងម្យ៉ាងទៀតដោយសារកំពស់ទឹកទន្លេទាប បានធ្វេីអោយដំណេីរការបូមទឹកខ្សោយ ហើយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយ   ស្ថានភាព ផ្គត់ផ្គង់ទឹកស្អាតមិនត្រឹមតែខ្វះនៅពេលនេះទេ គឺបន្តខ្វះទៀតអោយតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២។
ឯកឧត្តមអគ្គនាយកបានលើកឡើងទៀតថាសព្វថ្ងៃនេះរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានទំហំត្រឹមតែជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលតម្រូវការប្រើប្រាស់ជាក់ស្តែងជាង៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មានន័យថាយើងខ្វះទឹកប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ ដែលបានធ្វើអោយទឹកតំបន់ជាយក្រុងមានការខ្វះទឹកប្រើប្រាស់ខ្លាំង។ ឯកឧត្តម ស៊ឹម ស៊ីថា បានបញ្ជាក់ឲ្យដឹងផងដែរថា ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩ បានចុះហត្ថលេខាដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែ ហើយក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់បន្ថយនៃការខ្វះទឹកនេះបានមួយកម្រិតទៀត។ ឯកឧត្តមក៏បានបញ្ជាក់ថា ជុំវិញបញ្ហាខ្វះទឹកនេះមិនមែនការផលិតទឹករបស់យើងថយចុះនោះទេ តែដោយសារតម្រូវការប្រើប្រាស់កាន់តែច្រើន ពោលគឺរាជធានីភ្នំពេញមិនត្រឹមតែរីកទទឹងនិងបណ្តោយប៉ុណ្ណោះទេ សូម្បីតែកំពស់ក៏បានរីកឡើងខ្ពស់ផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញគ្រោងនឹងផលិតនូវទឹកឱ្យបានមួយលានម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣។ ស្របពេលដែលស្ថានភាពទឹកមានការខ្វះខាតនេះ ឯកឧត្តម ស៊ឹម ស៊ីថា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋសន្សំសំចៃលើការប្រើប្រាស់ទឹកស្អាតនេះ ដើម្បីអោយចរន្តទឹកអាចចែកចាយទៅដល់ប្រជាពលរដ្ឋដែលរស់នៅជាយទីក្រុងបានប្រើប្រាស់ផង ៕

img13032001img13032008 img13032009 img13032007img13032002img13032012img13032005img13032004img13032003