ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីជម្រុញអោយអាជ្ញាធរ ខណ្ឌដូនពេញ ពង្រឹ...

អភិបាលរាជធានីជម្រុញអោយអាជ្ញាធរ ខណ្ឌដូនពេញ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន

ថ្ងៃចេញផ្សាយ: Thursday, February 13, 2020, 10:45 AM

img13022005 img13022004 img13022003 img13022001

 

 

 

 

 

 

 

 

 

 

              ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌដូនពេញពង្រឹងការថែរក្សាសន្តិសុខសណ្តាប់​ធ្នាប់ និងអនាម័យបរិស្ថានអោយបានល្អ មិនត្រឹមតែធានាបានសោភ័ណភាពបរិស្ថាន សុខមាលភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺត្រូវតែការពារអោយបាននូវពានរង្វាន់ផ្ការំដួល៣ទងថែមទៀត។   

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រុញអោយអភិបាលខណ្ឌដូនពេញ គឺលោក សុខ ពេញវុធ ត្រូវលុបបំបាត់ឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាចោរកម្ម ក្មេងទំនើង សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យសំរាមជាដើម ដើម្បីឲ្យខណ្ឌនេះនៅតែរក្សាបានភាពស្អាត នៅតែទទួលបានពានរង្វាន់ផ្ការំដួលបីទងដែលជាទីក្រុងស្អាតជាងគេ។ 

ការជម្រុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខណ្ឌដូនពេញ ដោយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចាំបាច់ណាស់ខណ្ឌដូនពេញ ត្រូវតែល្អស្អាតឲ្យបានជាប់ជាប្រចាំ ព្រោះខណ្ឌនេះ ជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ សំបូរទៅដោយតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តជាច្រើន។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អភិបាលខណ្ឌដូនពេញត្រូវចុះពិនិត្យការលក់ដូររបស់ប្រជាពលរដ្ឋនៅលើចិញ្ចើញផ្លូវ សាធារណៈ ដោយមិនត្រឹមតែខូចសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ពួកគាត់បានបង្កើតជាសំរាម គ រាយប៉ាយដោយគ្មានទំនួលខុសត្រូវក្រោយពីការលក់ដូររួច។ បន្ថែមពីនេះទៀតត្រូវសន្យាលុបបំបាត់ឲ្យអស់នូវល្បែងកន្ទុយលេខតាមផ្សារ ល្បែងស្ទួចត្រីខុសច្បាប់ដែលកំពុងមានសកម្មភាពរីកដុះដាលច្រើន។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទំាងអស់ជួយជំរុញឲ្យប្រជាពលរដ្ឋបង់ថ្លៃប្រមូលសំរាមអោយបានទៀតទាត់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាត មានផាសុខភាព និងគុណភាពបរិស្ថាន។