ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យ ភូមិន្ទភ្នំ...

ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងមុខវិទ្យាស្ថានភាសាបរទេស គ្រោងនឹងបើកការដ្ឋានស្ថាបនានាពេលខាងមុខ

ថ្ងៃចេញផ្សាយ: Monday, January 13, 2020, 2:04 PM

img09012002 img09012001

 

 

 

 

 

             ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមុខវិទ្យាស្ថានភាសាបរទេស​ គ្រោងនឹងបើកការដ្ឋានស្ថាបនានាពេលដ៏ខ្លីខាងមុខនេះ ខណៈដែលតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅពេលសិស្សនិស្សិតជាង២ម៉ឺននាក់ចេញ និងចូលសាលាក្នុងមួយថ្ងៃៗ។

            ដើម្បីជំរុញឲ្យគម្រោងនេះដំណើរការទៅដោយរលូនរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីទាំងពីរខ្សែនេះអោយបានរលូននិងទទួលបានជោគជ័យ។

            ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំនោះថា ជាគម្រោងដែលបាននឹងកំពុងសិក្សាទៅលើផ្លូវក្រោមដីទាំង២ខ្សែនេះ គឺមួយខ្សែរត់ក្រោមផ្លូវសហព័ន្ធ         រុស្សុីនៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទម្លុះទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក។ ចំណែកផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើងនៅមុខវិទ្យាស្ថានភាសាបរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធ   រុស្សុី ទម្លុះមកផ្លូវ២៦១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ក្នុងគម្រោងនេះដែរ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស៥មករា រហូតដល់ស្ពានអាកាស៧មករា គឺគ្រោងនិងបិទរបាំងថ្មទ្រូងផ្លូវ មិនឲ្យធ្វើចរាចរឆ្លងកាត់តែម្ដង។ 

ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សាវែកញែករកដំណោះស្រាយ  ថាតើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុភាពាណិជ្ជកម្មកម្ពុជា នឹងចេញចូលច្រកណាមួយ។ 

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានជំរុញឲ្យក្រុមការងារធ្វើការសិក្សាឲ្យបានម៉ត់ចត់ លើកគម្រោងស្ថាបនាផ្លូវក្រោមដី ២ខ្សែនេះ។ ដោយលោកជំរុញឲ្យមានកិច្ចប្រជុំលើកក្រោយទៀត ដោយត្រូវអញ្ជើញនាយកសាលាទាំងពីរខាងលើ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង  សភាពាណិជ្ជកម្មកម្ពុជា មកប្រជុំរួមគ្នាមួយដើម្បីរកដំណោះស្រាយរួម មុននឹងដាក់ឲ្យគម្រោងខាងលើដំណើរការ ព្រោះថា គម្រោងនេះត្រូវតែអនុវត្តហើយ ដោយសារតែមាននិស្សិតប្រមាណជាង២ម៉ឺននាក់ចេញពីសកលវិទ្យាល័យទាំងពីរនេះ ហើយតែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃ ខណៈដែលនិស្សិតចេញនិងចូលក្នុងសាលា៕

img09012003 img09012004