ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បន្ដចុះ...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បន្ដចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ទាំងយប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ​កូវីដ-១៩

ថ្ងៃចេញផ្សាយ: Wednesday, April 07, 2021, 2:39 PM

news060421011 news060421010

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យការអនុវត្តវិធានការ​រដ្ឋបាល កំណត់មិនឲ្យធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

វិធានការរដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាវិធានការរដ្ឋបាលថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សម្រាប់អ្នកដែលមិនគោរពតាមបំរាមគោចរនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើ​ដំណើរ។ បន្ទាប់ពីដកហូតមធ្យោបាយធ្វើដំណើរហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវតាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។

ដោយឡែក បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខានបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើដំណើរបានដោយគ្មានការហាមឃាត់។

            ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់ពេលវេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណង នៃការធ្វើដំណើរ ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ៕

news060421004 news060421005 news060421006 news060421007 news060421008 news060421009 news060421010 news060421002 news060421001 news060421003