ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុនចំនួន៣ នឹងចេញប្រតិបត្តិការលើការប្រមូលន...

ក្រុមហ៊ុនចំនួន៣ នឹងចេញប្រតិបត្តិការលើការប្រមូលនិងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ នៅដើម ឧសភា ឆ្នាំ២០២១ ខាងមុខនេះ

ថ្ងៃចេញផ្សាយ: Friday, February 05, 2021, 4:31 PM

img05022021009 img05022021005

 

 

 

 

             ក្រុមហ៊ុន​ចំនួន​៣ នឹង​ចេញ​ប្រតិបត្តិការ​លើ​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០២១ ខាងមុខនេះ ក្រោយពី​បានសម្រេច​ជ្រើសរើស​អស់រយៈពេល​១​ឆ្នាំ និង​បានប្រគល់​សិទ្ធិ​និង​កិច្ចសន្យា​ជូន នា​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល នៃគណៈអភិបាល​រាជធានី​ភ្នំពេញ​។​

​            ក្រុមហ៊ុន​ទាំង​៣​ខាងលើ​រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ។​

​            ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​សំរាម សំណល់​រឹង គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ ក្នុងចំណោម​បញ្ហា​ប្រឈម​ចំនួន​៣ ដែល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ជួបប្រទះ ទី​១ បញ្ហា​ស្ទះចរាចរណ៍ ទី​២ បញ្ហា​ស្ទះលូ និង​ទី​៣ បញ្ហា​ស្ទះ​សំរាម​។ ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល បានធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដោយបាន​លុបចោល​នូវ​យន្តការ​នៃ​ការប្រមូល ថ្លៃ​សំរាម តាម​វិក្កយបត្រ​អគ្គិសនី ហើយ​បានរៀបចំ​ឱ្យ​អតិថិជន​បង់ប្រាក់​ថ្លៃ សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយស្វ័យប្រវត្តិវិញ​។ ដើម្បី​ធ្វើកំណែទម្រង់​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រគល់​កិច្ចការ​នេះ​ជូនទៅ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​អ្នកដឹកនាំ​ធ្វើ​ដោយផ្ទាល់ ដោយមាន​ការចូលរួម​ពី ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ផងដែរ​។​

​            ឯកឧត្តម​បាន​បន្តទៀតថា ការធ្វើកំណែទម្រង់​នេះ គឺ​ធ្វើ​តាំងពី​ដើមខ្សែ​រហូតដល់​ចុង​ខ្សែ មានន័យថា ជាការ​រៀបចំ​នូវ​យន្ត​ការគ្រប់គ្រង​សំរាម​ថ្មី ដោយ​ចាប់ផ្តើម​ពី​អ្នកបង្កើត​សំរាម ដោយបាន​កំណត់ពេល​ម៉ោង​បញ្ចេញ​សំរាម និង​ទីតាំង​ទុកដាក់​សំរាម ការញែកសំរាម​។​ល​។​

​            ឯកឧត្តម​បន្តទៀតថា ការជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី ការរៀបចំ​ទីតាំង​ទីលាន ទុកដាក់​សំរាម​ប្រកបដោយ​សុវត្ថិភាព ដោយបាន​រៀបចំ​ទីលាន​ញែក​សំរាម​ចំនួន​០២ និង​ទីលាន​ចុងក្រោយ​ចំនួន​១ ព្រមទាំង​ការរៀបចំ​តារាង​តម្លៃ​សេវាប្រមូល​សំរាម​ថ្មី​ផងដែរ​។​ ​ជា​លទ្ធផល​មួយ​នៃ​កំណែទម្រង់​ខាងលើ យើង​បានសម្រេច​ប្រកាស​ជា​ផ្លូវការ នូវ​ក្រុមហ៊ុន​ចំនួន​០៣ ដែល​បាន​ដេញថ្លៃ​ឈ្នះ ក្នុង​ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ ដែល​គណៈកម្មការ ភី​អ័​រ​ស៊ី (PRC) ដែលមាន​តំណាង ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើពេល​ពេញ​១​ឆ្នាំ ក្នុងការ​ជ្រើសរើស​យ៉ាង​ម៉ត់ចត់ ដោយបានអនុវត្ត​ទៅតាម​ដំណើរការ និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ ដែល​ប្រកបដោយ​ភាពយុត្តិធម៌ តម្លាភាព និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដែល​ត្រូវបាន​បែងចែក​តាមតំបន់​ចំនួន​០៣ នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន​៖

​            តំបន់​ទី​១៖ មាន ០៥​ខណ្ឌ គឺ​ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​ដេញថ្លៃ​ឈ្នះ​ដោយ​ក្រុមហ៊ុន 800 ស៊ូ​ប​ភើ (800 SUPER) និង​ក្រុមហ៊ុន គ្លូ​ប​ប៊​ល អ៊ែ​កសិន ហ្វ​រ អ៊ិន​វ៉ា​យ​រ៉ឺ​ម៉ិ​ន អឺ​វែ​រ​នេស ផាប់​ប្លី​ក លីមីត​ធី​ត​(Global Action for Environment Awareness Public Limited)​។​

​            តំបន់​ទី​២៖ មាន​០៥​ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​    កំបូល ដែល​ដេញថ្លៃ​ឈ្នះ​ដោយ​ក្រុមហ៊ុន ម៉ិ​ស៊ូ​ដា គ្រុប (Mizuda Group Co., Ltd ) ។​

​            តំបន់​ទី​៣៖ មាន​០៤​ខណ្ឌ គឺ ៖ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ដែល​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន​ស៊ិន​ទ្រី (Cintri Cambodia)/​អេ​វើ​ប្រាយ (Everbright China)​។​

​            ក្នុងឱកាស​នោះដែរ ឯកឧត្តម ​ឃួ​ង ស្រេង ក៏បាន​ផ្តាំ​ផ្ញើអោយ​ក្រុមហ៊ុន​ទាំង ៣ ប្រតិបត្តិ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង តាម​តំបន់ របស់ខ្លួន​ឱ្យបាន​ល្អ ហើយ​ខណ្ឌ​ទាំង​១៤​ក៏ត្រូវ​សហការ​ជា​ក្រុមហ៊ុន​ឲ្យ​បានល្អ​ផងដែរ​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ញ៉ែ​ក វេច​ខ្ចប់ ទុកដាក់ និង​ការបញ្ចេញ​សំរាម សំណល់​រឹង​របស់ខ្លួន​ឱ្យបានត្រឹមត្រូវ​តាម​ការកំណត់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ស្អាត មាន​អនាម័យ និង​បរិស្ថាន​ល្អ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ចំពោះ​អ្នក​ដែល​ចោល​សំរាម ខុស​ម៉ោង​ពេល និង​ទីតាំង​ដែល​បានកំណត់ បន្ទាប់ពី​ក្រុមហ៊ុន​ទាំង​០៣ បានចាប់ផ្តើម​ដំណើរការ នូវ​កិច្ចការ​របស់ខ្លួន ដោយ​រលូន​​៕

img05022021007 img05022021004 img05022021002 img05022021001 img05022021003 img05022021006 img05022021009 img05022021008