ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រាជធានី ខេត្តចំនួន៤ ត្រូវបានជ្រើសរើសយកដើម្បីសិក...

រាជធានី ខេត្តចំនួន៤ ត្រូវបានជ្រើសរើសយកដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លី តាមការិយាល័យច្រកចេញចូលតែមួយ

ថ្ងៃចេញផ្សាយ: Friday, January 03, 2020, 10:50 AM

img03012005 img03012001

 

 

 

 

 

               ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី ខេត្ត ចំនួន៤ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដោយធានានូវការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ។ 

ក្នុងឱកាសជួយពិភាក្សាការងាររវាង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២០នេះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសយករាជធានី ខេត្តចំនួន៤ មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។   

ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះគឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ។   

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដី នគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះថា នឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាងមុនពោលគឺលឿនរហ័ស និងប្រកបដោយគុណភាព។

ឯកឧត្តមបានអៈអាងថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាងលើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួនក្នុងការផ្តល់សេវាមិនបានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំដាក់ពាក្យ ពុំបានភ្ជាប់ជាមួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើនដំណាក់កាល ឯកសារមានជាប់   បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។   

សូមបញ្ជាក់ថា ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួនជាង៣១០០០សេវា ៕

img03012006 img03012004 img03012003 img03012002