Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១...

(Khmer) ពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានជាង២លាន១សែននាក់គិតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ

Published Date: Thursday, July 08, 2021, 7:09 PM

(Khmer)

img872114 img872115

 

 

 

 

 

            ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ ខណៈដែលតួលេខនេះនៅខ្វះ១ថ្ងៃ គឺថ្ងៃ០៨ ខែកក្កដា  ឆ្នាំ២០២១ ដែលជាថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

            នេះបើតាមការបញ្ជាក់របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈដែលលោកជំទាវ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ  គណៈអភិបាលរាជធានីភ្នំពេញ អញ្ចើញប្រកាសបិទបញ្ចាប់ការចាក់វ៉ាក់សាំង និងចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

            លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្ដើមចាក់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបើគិតមកដល់ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ គឺមានប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ២.១២៨.៧៩១នាក់។ ចំណែកអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនេះ មានចំនួន ២៣.៨០៤នាក់ ដោយអ្នកទាំងនេះជាប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ពួកគាត់មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន។

            លោកជំទាវបន្តថា ៖ ការកើនឡើងចំនួនអ្នកចាក់រហូតដល់ជាង២លាន១សែននាក់ស្មើនឹង១២៣,៦៥%នេះ គឺដោយសារយើងបានចាក់អោយប្រជាពលរដ្ឋមកពីខេត្ត ពិសេសបងប្អូនកម្មករ និងជនបរទេសនៅស្រុកខ្មែរ។ ដោយឡែកសម្រាប់អ្នកនៅភ្នំពេញចំនួនភាគរយដែលប្រជាពលរដ្ឋបានចាក់គឺមានចំនួន ៩៩,២២ភាគរយ ហើយ ចំនួនដែលនៅសល់ គឺជាចំនួនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។

            លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ៖ ក្រុមគ្រូពេទ្យបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ហើយក្រុមគ្រូពេទ្យនឹងបន្តសកម្មភាព នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោហ៊ុនសែន។

            ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ៖ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញតែម្តងបានទទួលការចាក់  វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនប្រមាណជាង១លាន៧សែននាក់ ចំពោះតួលេខដែលបានកើនឡើងរហូតដល់ ជាង២លាន១សែននាក់នោះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី នៅតាមខេត្តបានសម្រុកចាក់វ៉ាក់សាំងការពារកូវីត-១៩នៅភ្នំពេញ ហើយក្នុងនោះក៏មានជនបរទេសមកទទួលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនេះផងដែរ។ ឯកឧត្តមក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតបញ្ចប់នៃការចាក់វ៉ាក់សាំងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

            ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាកសាំង២ដូសហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកំណើននៃការឆ្លងកូវីដ-១៩នៅតែកើតមាន ដោយក្នុង១ថ្ងៃពី២០០ទៅ៣០០នាក់នូវឡើយ ដែលតម្រូវឱ្យបងប្អូនត្រូវចេះការពារដោយខ្លួនឯង កុំឱ្យឆ្លងពីម្នាក់ទៅម្នាក់ទៀត៕

img87215 img87214 img87216 img87211 img87213 img87212 img872111 img872110 img872112 img87218 img87219 img87217