Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាលរាជធានីភ្នំពេញ ព្រមានអនុវត្តវិធាន...

(Khmer) អភិបាលរាជធានីភ្នំពេញ ព្រមានអនុវត្តវិធានការរដ្ឋបាល ចំពោះសំណង់អត់ច្បាប់ និងខុសប្លង់អនុញ្ញាត

Published Date: Thursday, July 30, 2020, 4:55 PM

(Khmer)

img2907202016 img2907202024

 

 

 

 

 

           អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការព្រមានថា នឹងចាត់វិធានការរដ្ឋបាល ចំពោះសំណង់ខុសប្លង់អនុញ្ញាត ដែលអាចបង្កហានិភ័យដល់មនុស្ស ហើយអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការគ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត។

            ការព្រមានរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងនូវហានិភ័យផ្សេងៗ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការសង់សំណង់ខុសច្បាប់អនុញ្ញាតិ ត្រូវហាមឃាត់ និងមានវិធានការរដ្ឋបាល ដោយមិនត្រូវទុកឲ្យមានការបង្កហានិភ័យកើតឡើង ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមគាំទ្រជានិច្ចចំពោះការបើកការដ្ឋានអោយសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ប៉ុន្តែ   រដ្ឋបាលរាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។

            ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ឲ្យ ពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀសវាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរថាមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថាការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់។

   គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននឹងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅនិងអ្នកឆ្លងកាត់អគារទាំងនេះ៕

img2907202011 img2907202012 img2907202009 img2907202008 img2907202014 img2907202013 img2907202010 img2907202015 img2907202016 img2907202017 img2907202018 img2907202019 img2907202020 img2907202023 img2907202021 img2907202022