Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រាជធានីភ្នំពេញនឹងមានរថយន្ត ពន្លត់អគ្គីភ...

(Khmer) រាជធានីភ្នំពេញនឹងមានរថយន្ត ពន្លត់អគ្គីភ័យបំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រ មួយគ្រឿង ជាជំនួយរបស់ប្រទេសជប៉ុន

Published Date: Monday, January 18, 2021, 4:17 PM

(Khmer)

img180121012 img180121011

 

 

 

 

            រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២២៧.៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវ រថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់ ៤០ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេ នឹងមិនធ្លាប់មានដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានី​ភ្នំពេញ។

            ឯកឧត្តម មិកាបំ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ KUSANONE ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននឹងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ KUSANONE មានន័យថា “មូលដ្ឋាន” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០ តាមរយៈជំនួយឥតសំណង KUSANONE ។

            ឯកឧត្តមបន្តថា គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន ហើយគម្រោងដែលបានចុះហត្ថលេខានេះមានដូចខាងក្រោម៖

            ក្រោមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២២៧.៧៣៦ដុល្លារ អាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួនមួយគ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះលើកដំបូងគេ ដែលមិនធ្លាប់ដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។   ឯកឧត្តមបញ្ជាក់ថា ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងឡានទឹកពន្លត់អគ្គីភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គីភ័យនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយអ្នកពន្លត់អគ្គីភ័យជនជាតិខ្មែរឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានាដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយ ពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាព។ ជំនួយនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងជួយ ការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ ៤០០.០០០នាក់ នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកដំណើរជំនួញមកពីជុំវិញពិភពលោកផងដែរ។ ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះត្រូវបានចុះហត្ថលេខា អនុស្សារណៈយោគយល់គ្នា រវាងកងកម្លាំងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co., Ltd. ត្រូវបានចុះហត្ថលេខាក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងសមត្ថភាពបន្ថែមទៀត។

            ឯកឧត្តមបន្តទៀតថា តាមអនុស្សារណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គីភ័យ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹងសហការគ្នាដើម្បីសំរេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ របស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ។

            ឯកឧត្តមបន្តទៀតថា នៅពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង គូសាណូណ៌។

            ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលជានិច្ចជាកាលតែងតែជួយជាជំនួយមកកម្ពុជាដោយឥតសំណង ពិសេសនៅរាជធានីភ្នំពេញ ជប៉ុនបានជួយជំនួយជាច្រើន មិនថា ថវិកា និងបច្ចេកទេសនោះទេ។ជាក់ស្តែងជប៉ុនបានជួយលើប្រព័ន្ធការពារទឹកជំនន់ ដែលមកដល់ពេលនេះបានឈានដល់គម្រោងការពារទឹកជំនន់ជំហានទី៤ហើយ។

            ឯកឧត្តម ឃួង ស្រេង បន្តថា កម្ពុជានិងជប៉ុនបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាចំនួន៦២ឆ្នាំហើយ ហើយទំនាក់ទំនងនេះកម្ពុជាបានផ្លែផ្កាជាច្រើនពីប្រទេសជប៉ុន៕

img180121007 img180121001 img180121003 img180121010 img180121014 img180121009 img180121008 img180121006 img180121005 img180121004 img180121011 img180121002