Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានី សម្រេចបើកគន្លងផ្លូវអាទិភ...

(Khmer) រដ្ឋបាលរាជធានី សម្រេចបើកគន្លងផ្លូវអាទិភាព រថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ

Published Date: Saturday, January 18, 2020, 11:04 AM

(Khmer)

img17012005 img17012004

 

 

 

 

 

               អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្ដេជ្ញាថា នឹងកែសម្រួលផ្លូវរត់រថយន្តក្រុងសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុង រថយន្តក្រុងសាធារណៈ មិនប្រើប្រាស់សេវាឯកជន ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្លូវអទិភាពមួយសម្រាប់តែរថយន្តក្រុងតែម្តង     ពោលគឺនឹង

បើកគន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដោយចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ។ 

ការប្តេជ្ញាបែបនេះរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧  ខែមករា ឆ្នាំ២០២០ ក្នុងអង្គប្រជុំគណៈកម្មាធិការរៀបចំផ្លូវអាទិភាពរថយន្តក្រុង និងដឹកជញ្ជូនសាធារណៈ citybus នៅសាលារាជធានីភ្នំពេញ។   

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា នេះជាការងារចាំបាច់សម្រាប់រាជធានីភ្នំពេញ ដោយត្រូវធ្វើយ៉ាងណាឱ្យរថយន្តក្រុងសាធារណៈរបស់យើងធ្វើចរាចរណ៍ទៅដោយរលូន មិនមានការកកស្ទះចរាចរណ៍។ បើការងារនេះទទួលបានជោគជ័យហើយនោះ ប្រជាពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងជាក់ជាមិនខាន។ អ្វីជាគម្រោងដែលយើងត្រូវអនុវត្តគឺយើងជ្រើសរើសយកផ្លូវមួយខ្សែ ដោយចាប់ចាកចេញពីផ្លូវប្រសព្វរវាងផ្លូវព្រះមុនីវង្សនិងផ្លូវហ្សាដឺហ្គោលជិតផ្សារធំថ្មីទៅដល់ច្រមុះជ្រូកស្ទឹងមានជ័យ។   

ឯកឧត្តមអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា បើគម្រោងទីមួយនៅលើផ្លូវអទិភាពមួយខែនេះទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសិក្សាទៅលើបណ្ដាញផ្លូវផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យខ្សែរត់នៅក្នុងរាជធានីភ្នំពេញទទួលបានការគាំទ្រនិងពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។ ការងារនេះអាចសម្រេចបានគឺត្រូវតែមានការចូលរួមពីអាជ្ញាធរខណ្ឌនិងសមត្ថកិច្ចប៉ូលីសពាក់ព័ន្ធ។   

លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រោយការសិក្សា ក្រុមការងារយើងមានជម្រើស២ ដើម្បីប្រើប្រាស់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ បែងចែកជា២ជម្រើស៖ ១ គន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដែលបង្កភាពងាយស្រួលដល់ការរៀបចំគំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ។  ប៉ុន្តែត្រូវធ្វើចំណតរង់ចាំនៅកណ្តាលទ្រូងផ្លូវ។ ២ គន្លងផ្លូវអាទិភាពរថយន្តក្រុងខាងស្តាំជាប់ចិញ្ចើមផ្លូវគឺបង្កភាពងាយស្រួលដល់ការឈប់ចតដាក់ និងទទួលអ្នកដំណើរ កាត់បន្ថយការចំណាយ ប៉ុន្តែមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងអាជីវកម្មរបស់ប្រជាពលរដ្ឋអមសងខាងផ្លូវ។  

ចំពោះគម្រោងទាំង២នេះ ឯកឧត្តម ឃួង ស្រេង ក្នុងប្រជុំនោះបានសម្រេចយកផ្លូវអាទិភាពនៅចំកណ្តាលទ្រូងផ្លូវ និងបានស្នើសុំមន្ទីរជំនាញ និងខណ្ឌពាក់ព័ន្ធទាំង៤ សហការជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងអនុវត្តន៍គម្រោងនេះឱ្យបានជោគជ័យ និងជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវពេលម៉ោងប្រតិបត្តិការរថយន្តក្រុង គឺពេលព្រឹកចាប់ពីម៉ោង ៦និង៣០នាទី ដល់ម៉ោង៩និង៣០នាទី សំរាប់ទិសដៅចូលរីធានីភ្នំពេញ ពីស្ទឹងមានជ័យដល់ផ្សារធំថ្មី និងពេលល្ងាចចាប់ពីម៉ោង៤និង៣០នាទីដល់ម៉ោង ៧និង៣០នាទី សំរាប់ទិសដៅចេញពីរាជធានីភ្នំពេញ (ផ្សារធំថ្មីដល់ច្រមុះជ្រូកស្ទឹងមានជ័យ) ៕

img17012001 img17012002