Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៅខណ...

(Khmer) ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៅខណ្ឌទួលគោក

Published Date: Thursday, February 13, 2020, 4:23 PM

(Khmer)

img1302200206 img1302200208

 

 

 

 

 

            ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី គឺជាការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិអោយនៅកៀកជិតប្រជាពលរដ្ឋ។ 

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យ​ដាក់ដំណើរការរចនាសម្ព័ន្ធរដ្ឋថ្មី នៃរដ្ឋបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នៅសាលាខណ្ឌទួលគោក។   

ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍អោយដឹងថា៖  ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌទួលគោកនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តម ហួត ហៃ បានបញ្ជាក់បន្ថែមថា ការធ្វើកំណែទម្រង់វិមជ្ឈការ ទាំងវិមជ្ឈការផ្នែកនយោបាយ       វិមជ្ឈការផ្នែករដ្ឋបាល និងវិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញ៉ាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត បែបផែន និងរបៀបរបបបំពេញការងារ របស់មន្រ្តីរាជការ     សាធារណៈនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងការបែងចែកមុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាលសាធារណៈនៅតាមថ្នាក់នីមួយៗ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ។ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍៖១).ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ២).ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ៤). ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង៥). ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។

        គួរបញ្ជាក់ថា សម្រាប់មន្ត្រីដែលបម្រើការងារនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌទួលគោកដែលបានប្រកាសឲ្យបំរើការងារជាផ្លូវការណ៍នាព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ មានចំនួន២៧៦រូប ៕

img1302200205 img1302200207 img1302200201 img1302200203