Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ខណ្ឌណា ដែលមានលួចបើកក្លឹបកំសាន្ត និងខារ៉...

(Khmer) ខណ្ឌណា ដែលមានលួចបើកក្លឹបកំសាន្ត និងខារ៉ាអូខេ ពពាក់ពពូន អាជ្ញាធរខណ្ឌនោះនឹងប្រឈមមុខជាមួយនឹងក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល

Published Date: Thursday, August 13, 2020, 11:18 AM

(Khmer)

img1208202005

img1208202008

 

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការព្រមានថា បើសិនជានៅក្នុងខណ្ឌណាមួយ មានលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ពពាក់ពពូន ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្ដែងនោះ អភិបាលខណ្ឌនោះ នឹងមានបញ្ហាប្រឈមមុខនិងក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ។

            ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

            ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថាអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើទីតាំងទាំងនោះបានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។ ប៉ុន្តែផ្ទុយទៅវិញ បើក្លឹប និងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេ តែបែរជាលួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌ នឹងមានបញ្ហាប្រឈមមុខជាមួយនឹងក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ។

            ឯកឧត្តមបន្តថា ក្លឹបកម្សាន្តនិងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើលថាតើបានគោរពតាមវិធានរបស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាតនិងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីត-១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បញ្ហាជម្ងឺកូវីដ-១៩ មិនមែនជារឿងរបស់ក្រសួងសុខាពិបាលតែមួយនោះទេ តែវាជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ អាជ្ញាធរខណ្ឌត្រូវចុះតាមដានដល់ទីតាំងធ្វើចក្រតាឡីស័ក្កិ និងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើចក្រតាឡីស័ក្តិ ហើយធ្វើរបាយការណ៍មករដ្ឋាបាលរាជធានីភ្នំពេញជាប្រចាំ៕

img1208202004 img1208202006 img1208202007 img1208202003 img1208202002 img1208202001