Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រឡាយបង្ហូរទឹកមានសារៈសំខាន់ណាស់សម្រាប់...

(Khmer) ប្រឡាយបង្ហូរទឹកមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ទាំងក្នុងក្រុងនិងជនបទ

Published Date: Wednesday, July 08, 2020, 3:16 PM

(Khmer)

img080720a07 img080720a06

 

 

 

 

 

              អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជនបទប្រកបមុខរបរធ្វើស្រែចំការ ប្រឡាយទឹកនេះហើយ ជាអ្នកផ្ដល់ទឹកឲ្យប្រជាពលរដ្ឋស្រោចស្រពស្រែ ចម្កា ផលដំណាំផ្សេងៗ។ តែសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញវិញ ប្រឡាយបង្ហូរទឹកក៏មានសារៈសំខាន់ ខ្លាំងណាស់ដែរ ដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០   ខណៈដែល ឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានីយបូមទឹកលូប្រាំ និងប្រឡាយបង្ហូរទឹកលូប្រាំស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ពីដីសាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែលប្រឡាយខាងលើត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋានរំលោភនៅលើប្រឡាយជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មផងដែរនោះ។

ឯកឧត្តមបញ្ជាក់ផងដែរថា ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងបង្កើតឲ្យមានក្រុមការងារមួយដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់និងធ្វើការណែនាំប្រជាពលរដ្ឋដែលរំលោភប្រឡាយខាងលើអោយរុះរើចេញ។

បើតាមការបញ្ជាក់ទីអាជ្ញាធរមូលដ្ឋាន ថាប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកចំនួនជាង១០០គ្រួសារ ដោយក្នុងនោះ នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារ និងភូមិឬស្សី២ ចំនួន៧៦គ្រួសារ។ ពួកគាត់ទាំងនេះបានសង់លំនៅដ្ឋានរំលោភនៅលើ តួប្រឡាយតែម្ដង។

គួរបញ្ជាក់ថា ស្ថានីយបូមទឹកលូ៥ មានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌដង្កោ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។

ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី  ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨   ហិកតា។ ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគូប ក្នុងមួយវិនាទី និងស្មើនឹង ២៨៨០០ម៉ែត្រគូប ក្នុង១ម៉ោង ។ ប្រឡាយនេះនាំទឹកហូរទៅប្រឡាយម័រ បន្តទៅជើងឯក និងបន្តទៅស្ទឹងជ្រៅ ខេត្តកណ្តាលទើបហូរចូលទន្លេ៕

img080720a04 img080720a03 img080720a02 img080720a01