Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានី ជម្រុញអោយ អាជ្ញាធរ...

(Khmer) ឯកឧត្តមអភិបាលរាជធានី ជម្រុញអោយ អាជ្ញាធរមូលដ្ឋានទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុបទឹក ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ

Published Date: Monday, June 08, 2020, 3:50 PM

(Khmer)

img080620a02 img080620a01

 

 

 

 

 

           អភិបាលរាជធានី ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរមូលដ្ឋាន ត្រូវចុះមើលអោយដល់    មូលដ្ឋានរបស់ខ្លួន ក្នុងការបង្ការទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុបទឹក ដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាលិចលង់របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ខណៈរដូវវស្សាបានឈានមកដល់ ។

            អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញបែបនេះ ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងវិធានការដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០  នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយទឹកជំនន់ដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង រហូតដល់កំពស់ទឹក១០៥មីលីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់ ។ ឯកឧត្តម ថា ការលិចលង់នេះ គឺផ្ដើមចេញពីមូលហេតុមួយចំនួនផងដែរ ដូចជា ការរំលោភយកប្រឡាយ ការទុកដាក់សំរាមមិនបានល្អ ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ លូជាដើម ។ ជុំវិញបញ្ហានេះ ឯកឧត្តមសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះផ្ទាល់ដល់ទីតាំងប្រឈមនៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺទៅធ្វើសកម្មភាពកាយសំរាមចេញពីលូ ប្រឡាយ ដើម្បីធ្វើយ៉ាងណាអោយទឹកអាចហូរបានលឿន ។

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទុកដាក់សំរាមមិនបានល្អ បណ្ដាលឲ្យហូរចូលទៅក្នុងប្រឡាយ  លូនេះ ជាវិធានការចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ និងធ្វើការផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាម មិនបានត្រឹមត្រូវ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុននឹងអនុវត្តនូវវិធានការផាកពិន័យនេះ ក្នុងនាមយើងជាអាជ្ញាធរត្រូវសម្អាតខ្លួនប្រាណឲ្យបានល្អ ជាគំរូដល់ប្រជាពលរដ្ឋជាមុនសិន។   

            ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា បញ្ហាសំរាម បញ្ហាការលិចលង់គឺជារឿងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ដូច្នេះយើងត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើកិច្ចការងារនេះ បើសិនគ្មានការចូលរួមពីប្រជាពលរដ្ឋទេយើងក៏មិនអាចអនុវត្តការងារនេះ បានជោគជ័យដែរ ។

            ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចប្រជុំខាងលើនេះធ្វើឡើងដើម្បីឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ដូចជាមន្ត្រីជំនាញសាធារណការលើកឡើងពីបញ្ហាប្រឈមពិភាក្សារួមគ្នា ដើម្បីដោះស្រាយធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញលែងលិចលង់ដោយជំនន់ទឹកភ្លៀង ហើយជាទិសដៅចំពោះមុខ នៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ និងកំណត់ទីតាំងដែលប្រឈមនៃការលិចលង់ខ្លាំងជាងគេ ដើម្បីយើងនឹងអាចដាក់ស្ថានីយមួយនៅទីតាំងនោះ ដើម្បីបូមទឹកចេញភ្លាមៗតែម្ដង៕

img080620a05 img080620a04 img080620a07 img080620a06