Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ យកវិធានការ៣ទៅប្រើ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ យកវិធានការ៣ទៅប្រើប្រាស់ក្នុង «តំបន់ក្រហម» ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩

Published Date: Thursday, May 06, 2021, 4:57 PM

(Khmer)

img060521c4 img060521c2

 

 

 

 

 

                  ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីវិធានការចំនួន៣ចំណុចសំខាន់ៗ ដែលយកទៅប្រើប្រាស់ក្នុង «តំបន់ក្រហម» ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់នាពេលកន្លងទៅ សំដៅកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

វិធានការបិទខ្ទប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងការឆ្លងរីកដាលរាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ វិធានការបិទខ្ទប់នេះ បានដាក់ចេញជំហ៊ានដំបូងក្នុងរយៈពេល២សប្ដាហ៍ ក្រោយមកបានបន្ដមួយសប្ដាហ៍ទៀត ប៉ុន្ដែមានការបែងចែកជា៣តំបន់ ក្នុងនោះមាន «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

ក្រោយមកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីម៉ោងសូន្យថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយប្រគល់ភារកិច្ចជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដាល អាចដាក់ចេញវិធានការផ្សេងៗ ចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដនេះ។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន និង​បែងចែកជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ ខណៈតំបន់លឿងបានពង្រីកធំជាងមុន។

ការកំណត់ភូមិសាស្ដ្រតំបន់ត្រូវឈរលើគោលការណ៍ចំនួន៣ រួមមាន៖ ទី១៖ ចំនួនអ្នកវិជ្ជមាន និងចំនួនអ្នកយកសំណាកនៅក្នុងភូមិ សង្កាត់ ទាំងអស់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ, ទី២៖ កំណត់កត្តាភូមិសាស្ដ្រ ស្ថានភាពប្រជាពលរដ្ឋរស់នៅ និងទី៣៖ ការយល់ដឹង និងឥរិយាបថ នៃការចូលរួមរបស់ប្រជាពលរដ្ឋ។ នេះបើតាមអ្វីដែលឯកឧត្តម មាន ចាន់យ៉ាដា បានគូសបញ្ជាក់។

ឯកឧត្តម មាន ចាន់យ៉ាដា បានអះអាងថា បន្ទាប់ពីបានកំណត់ច្បាស់អំពី «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់វិធានការ៣ជាចំបង រួមមាន ទី១៖ វិធានការរដ្ឋបាល, ទី២៖ វិធានការសុខាភិបាល និងទី៣៖ វិធានការគាំពារសង្គម។ វិធានការនេះ ត្រូវបានយកទៅប្រើប្រាស់យ៉ាងម៉ឺងម៉ាត់ក្នុង «តំបន់ក្រហម»។

ឯកឧត្តមបានពន្យល់ថា វិធានការរដ្ឋបាលដែលអនុវត្តនៅតំបន់ក្រហម គឺដើម្បីកំណត់គោលដៅបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះ ឬធ្វើដំណើរចេញនោះឡើយ លើកលែងករណីមួយចំនួនប៉ុណ្ណោះ។ ទន្ទឹមនឹងការបិទខ្ទប់នេះ អាជ្ញាធរក៏បានប្រើប្រាស់កម្លាំងល្បាត ដើម្បីណែនាំប្រជាពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ បើទោះបីលំបាក ប៉ុន្ដែក្រោយមកសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនបានចូលរួម។

ព្រមពេលជាមួយការបិទខ្ទប់នេះ ក្រសួងសុខាភិបាល ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA បានបើកយុទ្ធនាការយកសំណាកលើមុខសញ្ញា ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមាន, អ្នកដែលមានរោគសញ្ញា និងប្រជាពលរដ្ឋដែលរស់នៅតំបន់វិជ្ជមានជំងឺកូវីដច្រើន។

ដោយឡែក សម្រាប់វិធានការគាំពារសង្គមវិញ គឺរាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានសម្រុកនាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាត រស់នៅតំបន់ក្រហមតែម្ដង ព្រោះពួកគាត់មិនអាចចេញក្រៅផ្ទះបាននោះទេ។ បើទោះបីតំបន់ខ្លះយឺតយ៉ាវ ប៉ុន្ដែប្រជាពលរដ្ឋជាច្រើនបានទទួលនូវស្បៀងអាហារទាំងអស់នេះ។

ឯកឧត្តមក៏បានបញ្ជាក់អំពីមូលហេតុដែលតែងត្រូវបានគេលើកឡើងថា ហេតុអ្វីបានជាបិទខ្ទប់ហើយនៅតែមានអ្នកឆ្លងច្រើនផងដែរថា ចំនួនអ្នកដែលឆ្លងរាល់ថ្ងៃនេះ គឺសុទ្ធតែចេញពីតំបន់ក្រហម ហើយក៏ជាចំនួនដែលអាជ្ញាធរអាចគ្រប់គ្រងបាន មិនឲ្យមានការឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងនោះទេ។

ឯកឧត្តម ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ត្រូវអត់ធ្មត់ និងចូលរួមអនុវត្តវិធានការរដ្ឋបាល ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញចាប់ពីថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា៕

img060521c1 img060521c3 img060521c4 img060521c5