Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានី ណែនាំអភិបាលខណ្ឌទាំ...

(Khmer) ឯកឧត្តមអភិបាលរាជធានី ណែនាំអភិបាលខណ្ឌទាំង១៤ជំរុញការផ្សព្វផ្សាយពីវិធីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនិងសហគមន៍

Published Date: Tuesday, April 07, 2020, 4:05 PM

(Khmer)

img0604202006 img0604202005

 

 

 

 

 

                អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំអោយអភិបាលខណ្ឌទាំង១៤ឱ្យយកចិត្តទុកដាក់ ដោយត្រូវចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋពិសេសណែនាំដល់ចៅសង្កាត់បន្តឱ្យផ្សព្វផ្សាយពីវិធីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនិងសហគមន៍ ពោលគឺបើឃើញថាកន្លែងណាឬតំបន់ណាមួយ មានការប្រមូលផ្ដុំខុសពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាលត្រូវតែពន្យល់ និងណែនាំឱ្យពួកគាត់បានយល់ពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវជម្ងឺកូរ៉ូណាហៅកូវីដ១៩នេះ។

            ជាងនេះទៅទៀត ឯកឧត្តមអភិបាលរាជធានី បានណែនាំទៀតថា អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននូវពលករមកពីប្រទេសថៃ និងមកពីប្រទេសផ្សេងទៀត មករស់នៅក្នុងមូលដ្ឋានរបស់យើង ដោយត្រូវធ្វើរបាយការណ៍ជាក់លាក់មួយមករដ្ឋបាលរាជធានីនឹងដាក់ឲ្យគាត់នៅដាច់ដោយឡែកពីគេឯងក្នុងរយៈពេល១៤ថ្ងៃ។ ការអនុវត្តបែបនេះ មិនត្រឹមតែជួយគាត់ទេ តែយើងអាចជួយគ្រួសារគាត់និងសហគមន៍រស់នៅរបស់គាត់ ឲ្យជៀសផុតពីជំងឺ  កូវីដ១៩នេះផងដែរ។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖ ក្នុងស្ថានភាពបែបនេះរហូតថ្ងៃទី៣០ ខែមេសា ខាងមុខ បើមិនមានអ្វីប្រែប្រួលទេ នោះប្រទេសកម្ពុជាយើងគឺអាចរួចចាកផុតពីជម្ងឺកូវីដ១៩នេះហើយ ពេលនោះសេដ្ឋកិច្ចនិងអ្វីៗគ្រប់យ៉ាងវានឹងល្អប្រសើរជាធម្មតាឡើងវិញ។ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ។ចំណែកបងប្អូនពលករមកពីក្រៅប្រទេស ពិសេសប្រទេសថៃបើមានបញ្ហាខ្វះខាតត្រូវជួយដោះស្រាយគាត់ បើដោះស្រាយមិនបានរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញភ្លាម។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការណែនាំបែបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៦ខែមេសា ឆ្នាំ២០២០ ខណៈដែល ឯកឧត្តម អញ្ជើញចែកអាកុល និងម៉ាក់ជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យទៅសង្កាត់ទាំង១០៥និងខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ពាក់ព័ន្ធនឹងម៉ាស់និងទឹកលាងដៃ ឯកឧត្តមអភិបាលរាជធានីសូមឱ្យអាជ្ញាធរមូលដ្ឋានពន្យល់ឱ្យអ្នកមានជំងឺក៏ដូចពលរដ្ឋទូទៅដែរ ដើម្បីជាសផុតពីជំងឺឆ្លង ត្រូវនាំគ្នាពាក់ម៉ាស់និងលាងដៃជាប្រចាំជៀសវាងឆ្លងទៅអ្នកដ៏ទៃនិងក្រុមគ្រួសារ។

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃនេះ នៅរាជធានីភ្នំពេញ មិនមានអ្នកឆ្លងជម្ងឺ COVID-19 នោះទេ ខណៈដែលនៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះដែរ ក៏មិនមានអ្នកឆ្លងជម្ងឺ COVID-19 ហើយទន្ទឹមនឹងនេះក៏បានព្យាបាលឱ្យបានជាសះស្បើយ៥៣នាក់និងអ្នកកំពុងព្យាបាលចំនួន៦១នាក់។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា៖ កាលដែលមិនកើតមានឡើងនូវជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល៦ថ្ងៃនេះ គឺពិតជាបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដូចជាសមត្ថ-កិច្ច ទាំងអស់ដែលបានរួមគ្នា ទប់ស្កាត់នូវជំងឺរាតត្បាតដ៏សាហាវនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្តមក៏បានធ្វើការណែនាំឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់កុំភ្លេចខ្លួន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺនេះ ដោយត្រូវចុះណែនាំប្រជាពលរដ្ឋឲ្យចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាពិបាល។

គួរបញ្ជាក់ថា៖ ក្នុងពិធីនោះ ឯកឧត្តម ឃួង ស្រេង បានផ្តល់អាកុលទៅឱ្យសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់អាកុល១កាន។ រដ្ឋបាលខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌទទួលបានអាកុល៣កាន ម៉ាស់ចំនួន ៤០០០០ម៉ាស និងអាកុលដបចំណុះ១០០មីលីលីត្រ៥០០ដប៕

img0604202002 img0604202003 img0604202004 img0604202001